ទៅ​លេង​អង្គការ​រួម​ដៃ​គ្នា​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម


កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ខ្ញុំ និង​មិត្ត​ភក្តិ​មួយ​ក្រុម​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពង់​ស្ពឺ ដើម្បី​ទៅ​ជួប​ប្អូនៗ​កុមារ ក៏​ដូច​ជា​នាំ​យក​សម្ភារ​មួយ​ចំនួន​ទៅ​ជូន​ពួក​គេ​នៅ​ក្នុង​អង្គការ​មួយ​ឈ្មោះ​ថា រួម​ដៃ​គ្នា​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម។

hand-for-hope-1

អង្គការ​រួម​ដៃ​គ្នា​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម ស្ថិត​នៅ​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​ចុះ​តាម​ផ្លូវ​លំ​ប្រហែល ៤ គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ ៤។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ដោយ​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​កុមារ​ដែល​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​បាន​ចូល​រៀន។ សព្វ​ថ្ងៃ​មាន​កុមារ​ចំនួន ៦៤ នាក់​កំពុង​សិក្សា​នៅ​ទី​នោះ ហើយ​អង្គការ​ក៏​​ផ្ដល់​អាហារ​ថ្ងៃ​ត្រង់​ដល់​ពួក​គេ​ផង​ដែរ។

និយាយ​ពី​ការ​ធ្វើ​ដំណើរ​វិញ ពួក​យើង​បាន​ចាក​ចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង ៨:៣០ ព្រឹក ហើយ​បាន​ទៅ​ដល់​គោល​ដៅ​នៅ​ម៉ោង​ជិត ១១។ ពេល​ទៅ​ដល់ ពួក​យើង​បាន​ជួប​ជាមួយ​ក្មេងៗ លេង​ល្បែង និង​ច្រៀង​ចម្រៀង​កុមារ​ជាមួយ​ពួក​គេ។ បន្ទាប់​ពី​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​រូម​គ្នា​រួច ពួក​យើង​​បាន​នាំ​គ្នា​ចែក​អំណោយ​ដល់​ក្មេងៗ ដែល​មាន​ដូច​ជា​អាវ​រងា កន្សែង និង​ស្រោម​ជើង ហើយ​បាន​ប្រគល់​គ្រឿង​ឧបភោគ​បរិភោគ​ដែល​មាន​ដូច​ជា​អង្ករ មី ទឹក​ស៊ីអ៊ីវ និង​របស់​មួយ​ចំនួន​ទៀត​ជូន​អង្គការ។ ក្រោយ​ពី​នោះ​មាន​ការ​សម្ដែង​រឿង​ខ្លី​មួយ​ពី​ក្លឹប​ពន្លឺ​វឌ្ឍនៈ ជូន​ទស្សនា​ជា​ការ​កម្សាន្ត និ​ងអប់រំ​ផង​ដែរ។ នៅ​បញ្ចប់​កម្មវិធី ពួក​យើង​បាន​នាំ​គ្នា​ដាំ​កូន​ឈើ​ហូប​ផ្លែ និង​នាំ​គ្នា​រាំ​លេង​មុន​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ភ្នំពេញ​វិញ។

hand-for-hope-2

ជា​ចុង​ក្រោយ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ចូល​រួម ជា​ពិសេស​បង សុខុមចៅយាយ ដែល​បាន​ប្រមូល​គ្នីគ្នា​រៃ​អង្គាស​ថវិកា ក៏​ដូច​ជា​ដើរ​ទិញ​គ្រឿង​សម្ភារ។ ខ្ញុំ​រីក​រាយ​ណាស់​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​នេះ ហើយ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​លើក​ក្រោយ​ទៀត។

ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ ឬ​ថវិកា​ដល់​អង្គការ​រួម​ដៃ​គ្នា​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម សូម​ទាក់ទង​លោក សត្យា តាម​រយៈ​ទូរសព្ទ​លេខ ០៧០ ៧៥៧ ២៧៧។

hand-for-hope-3

អាន​ផង​ដែរ៖ ចំនែក​មួយ​ក្នុង​ជីវិត!

3 thoughts on “ទៅ​លេង​អង្គការ​រួម​ដៃ​គ្នា​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម

    1. បាទ មក​ពី​មាន​បញ្ហា​ប្ដូរ​ឡាន​ទើប​ធ្វើឲ្យ​យឺត​ដូច្នោះ។

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.