គំរូ​សន្លឹក​ឆ្នោត​មិន​បាន​ការ


គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បង្ហាញ​គំរូ​សន្លឹក​ឆ្នោត​មិន​បាន​ការ​ចំនួន ២១​ចំណុច​ដូច​ខាង​ក្រោម៖

១. សន្លឹក​ឆ្នោត​មាន​ខ្នាត​តូច​ជាង​សន្លឹក​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប។

២. សន្លឹក​ឆ្នោត​មាន​ខ្នាត​ធំ​ជាង​សន្លឹក​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប។

៣. សន្លឹក​ឆ្នោត​បោះ​ពុម្ព​លើ​ក្រដាស​ផ្សេង (ក្រាស់​ជាង ឬ​ស្ដើង​ជាង) ខុស​ពី​សន្លឹក​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប។

៤. សន្លឹក​ឆ្នោត​ដែល​មាន​ពណ៌​ផ្សេង​ខុស​ពី​សន្លឹក​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប។

៥. សន្លឹក​ឆ្នោត​ដែល​គ្មាន​ឈ្មោះ​គណបក្ស​នយោបាយ​មួយ ឬ​ច្រើន​ដែល​បាន​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​តាម​បណ្ឌល​រាជធានី ខេត្ត​ពាក់ព័ន្ធ។

៦. សន្លឹក​ឆ្នោត​មាន​ឈ្មោះ​គណបក្ស​នយោបាយ​លើស​ពី​ចំនួន​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​សម្រាប់​មណ្ឌល​នីមួយៗ។

៧. សន្លឹក​ឆ្នោត​បោះ​ពុម្ព​មាន​ខុស​ឈ្មោះ ឬ/និង​ខុស​លំដាប់​លេខ​រៀង​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ សម្រាប់​មណ្ឌល​នីមួយៗ។

៨. សន្លឹក​ឆ្នោត​ក្លែង​បន្លំ ឬ​ក្លែង​ក្លាយ​ដែល​មាន​ខ្លឹមសារ​មិន​គ្រប់​គ្រាន់ មិន​ត្រឹមត្រូវ ឬ/និង​មាន​ខ្លឹមសារ​ផ្សេង មិន​ដូច​សន្លឹក​ឆ្នោត​ដែល គ.ជ.ប បាន​បោះ​ពុម្ព​ជា​ផ្លូវ​ការ និង​ដែល​មិន​បាន​ផ្ដល់​ឲ្យ​ដោយ គកប ពាក់ព័ន្ធ។

៩. សន្លឹក​ឆ្នោត​គ្មាន​គំនូស​សញ្ញា​អ្វី​ទាំង​អស់ (សន្លឹក​ឆ្នោត​ទំនេរ)។

១០. សន្លឹក​ឆ្នោត​មាន​គំនូស​សញ្ញា​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​លើស​ពី​មួយ​គណបក្ស។

១១. សន្លឹក​ឆ្នោត​មាន​គំនូស​សញ្ញា​មួយ ឬ​ច្រើន​នៅ​ក្រៅ​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​ណាមួយ ទោះ​បី​ជា​សន្លឹក​ឆ្នោត​នោះ​មាន ឬ​គ្មាន​គំនូស​សញ្ញា​គាំទ្រ​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​ក៏​ដោយ។

១២. សន្លឹក​ឆ្នោត​មាន​សរសេរ​ពាក្យ​ពេចន៍ ពាក្យ​អធិប្បាយ ឬ​ឃ្លា​ប្រយោគ​ផ្សេងៗ ទោះ​បី​ជា​នៅ​ក្នុង​ប្រអប់ ឬ​ក្រៅ​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​ណាមួយ ឬ/និង​នៅ​លើ​ផ្នែក​ខាង​មុខ ឬ​ខាង​ខ្នង​នៃ​សន្លឹក​ឆ្នោត​ក៏​ដោយ។

១៣. សន្លឹក​ឆ្នោត​មាន​ផ្ដិត​ស្នាម​ម្រាម​ដៃ ទោះបី​នៅ​ក្នុង ឬ​ក្រៅ​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​ណាមួយ ឬ/និង​នៅ​លើ​ផ្នែក​ខាង​មុខ ឬ​ខាង​ខ្នង​នៃ​សន្លឹកក​ឆ្នោត​ក៏​ដោយ។

១៤. សន្លឹកក​ឆ្នោត​ដែល​មាន​បិទ​តែម ឬ​ក្រដាស​ប្រាក់ ឬ​ក្រដាស​បក​បិទ ឬ​ក្រដាស​មាន​សំណេរ ឬ​រូប​សញ្ញា​ផ្សេងៗ ភ្ជាប់​នឹង​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃគណបក្ស​នយោបាយ​ណាមួយ ឬ​នៅ​លើ​ផ្នែក​ខាង​មុខ ឬ​ខាង​ខ្នង​នៃ​សន្លឹក​ឆ្នោត។

១៥. សន្លឹក​ឆ្នោត​មាន​ឯកសារ​ផ្សេងៗ​បិទ ឬ​ខ្ទាស់​ជាប់​ជាមួយ។

១៦. សន្លឹក​ឆ្នោត​មាន​សរសេរ​ឈ្មោះ ហត្ថលេខា ឬ​សញ្ញា​ដែល​នាំ​ឲ្យ​គេ​ស្គាល់​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត។

១៧. សន្លឹក​ឆ្នោត​ហែក​ដាច់​បាត់​លេខ​រៀង ឬ​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​ណា​មួយ។

១៨. សន្លឹក​ឆ្នោត​ហែក​ដាច់​ចេញ​ពី​គ្នា​ទាំង​ស្រុង។

១៩. សន្លឹក​ឆ្នោត​ដែល​មាន​ប្រឡាក់​ពណ៌​នៅ​ផ្នែក​ខាង​មុខ ឬ/និង​នៅ​ផ្នែក​ខាង​ខ្នង​ដែល​មិន​អាច​មើល​ឃើញ​នូវ​រូប​សញ្ញា និង​អក្សរ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត ឬ/និង​គំនូស​គំនូស​សញ្ញា​ដែល​បោះ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ។

២០. សន្លឹក​ឆ្នោត​គ្មាន​បោះ​ត្រា​សម្ងាត់​ផ្លូវ​ការ​នៃ​ការិយាល័យ​បោះ​ឆ្នោត​ពាក់ព័ន្ធ។

២១. សន្លឹក​ឆ្នោត​មាន​បោះ​ត្រា​សម្ងាត់ ប៉ុន្តែ​ពុំ​មែន​ជា​ត្រា​សម្ងាត់​ផ្លូវ​ការ​នៃ​ការិយាល័យ​បោះ​ឆ្នោត​ពាក់ព័ន្ធ។

001
002
ទាញ​យក​គំរូ​សន្លឹក​ឆ្នោត​មិន​បាន​ការ (PDF)

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.